ឲ្យតែស្រវឹងចងកំហឹងជាមួយទ្រូងផ្លូវ! បុរសម្នាក់ស្រវឹងបើករថយន្តបុករបាំងទ្រូងផ្លូវបាក់៣កង់ ​និងរងរបួសធ្ងន់

0
203

ភ្នំពេញៈ បុរសវ័យកណ្ដាលម្នាក់ស្រវឹងជោកជាំ បើករថយន្ត CRV មួយគ្រឿង បោះពួយយ៉ាងលឿន ហើយបាន​រ៉េចង្កូតទៅ​បុក​របាំងថ្មពេញទំហឹង បណ្ដាលឲ្យបាក់ទ្រូងផ្លូវអស់៣កង់ និងរងរបួសធ្ងន់។​ ហេតុការណ៍បង្កការ​ភ្ញាក់ផ្អើល​ឡើង កាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០១៨ ត្រង់ចំណុច​ខាងជើង​រង្វង់​មូលព្រះនរាយណ៍ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញបុរសវ័យប្រហែល៥០ឆ្នាំម្នាក់ បើកបរ​រថយន្តមួយគ្រឿង ម៉ាក CRV ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AA-9869 ដោយធ្វើដំណើរតាម​បណ្តោយ​ផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បាន​រេចង្កូត​ទៅបុក​ទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យ​រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយអ្នកបើកបរថយន្ត រងរបួស​ធ្ងន់​ផុងថ្ងាស និងប្រកែកទាំងស្រវឹងស្រាថា មិនព្រមទៅមន្ទីរពេទ្យទេ ដោយសារប្រជាពលរដ្ឋឃើញ​ហូរឈាម​ច្រើនពេក ទើបនាំគ្នាចាប់លើកឡើងរថយន្តសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅមន្ទីរពេទ្យផងដែរ​។

អ្នកបើកបររថយន្តបង្ក ឈ្មោះ វ៉ា ស៊ី​ណារ៉ុង ស្នាក់នៅផ្ទះលេខ៥៦Eo ផ្លូវលេខ១ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ​ ភ្នំពេញ​ និងមានស្រុកកំណើត​នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុសមត្ថកិច្ច ជំនាញផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង យករថយន្តទៅ​រក្សា​រទុកនៅចរាចរណ៍ក្រុង រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

Comments

comments