ស្ថានភាពរបស់លោក បណ្ឌិត​ ស៊ុយ​ សារ៉េត បានធូរស្រាលហើយ ប៉ុន្តែអ្វី​ដែល​ហួស​ចិត្ត​ លោកបាត់​ទូរសព្ទ ២​គ្រឿង និង​លុយ​ជិត ៣​ពាន់​ដុល្លា ក្នុង​កំពុង​ចលាចល

0
232

​វៀតណាម​ ៖​ ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ​គឺបានធូរច្រើនហើយ​ ។​ លទ្ធផលស្គេនក្បាលមិន​មានអ្វីគ្រោះថ្នាក់ទេ​ តែ​លោកត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត​ដោយសារតែរបួស បាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ របួសលើផ្ទៃមុខ​ ។​

អ្វី​ដែល​ហួស​ចិត្ត​ទៅ​ទៀត​នោះ គឺ​ម្ចាស់​រថយន្ត លោក​បណ្ឌិត ស៊ុយ សារ៉េត បាន​បាត់​ទូរសព្ទ ២​គ្រឿង និង​លុយ​ជិត ៣​ពាន់​ដុល្លារ ដែល​លោក​ទើប​បើក​បាន​ថ្មីៗ។ លុយ​នោះ មិន​ដឹង​ថា​បាត់​ពេល​កំពុង​ចលាចល ឬ​ពេល​ណា​នោះ​ទេ។ ចំពោះ​ស្ថានភាព​លោក ស៊ុយ សារ៉េត វិញ តាម​ព័ត៌មាន​បឋម​បាន​អះ​អាង​ថា​ លោក​មាន​របួស​ធ្ងន់​ត្រង់​មាត់ បាក់​ធ្មេញ គ្រាំ​ក្នុង កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម។

រំលឹកឡើងវិញ៖ កាលពី​រ​សៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១៨ មនុស្ស​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ដេញ​តាម​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក GAC ដែល​ល្បី​ថា​បុក​មនុស្ស​ស្លាប់ ២​នាក់ តែ​មិន​ព្រម​ឈប់។ នៅ​ពេល​ស្ទាក់​ជាប់ ស្រាប់​តែ​ក្រុម​មនុស្ស​ដែល​មាន​កំហឹង​យ៉ាង​ខ្លាំង​នោះ បាន​នាំ​គ្នា​វាយ​យ៉ាង​សាហាវ​ទៅ​លើ​ម្ចាស់​រថយន្ត និង​កម្ទេច​រថយន្ត ដោយ​ប្រើ​ដុំ​ឥដ្ឋ ដុំ​ថ្ម និង​មួក​ការពារ ដោយ​មិន​បាន​សួរ​នាំ​វែង​ឆ្ងាយ​ឡើយ។ ក្រុម​មនុស្ស​ដែល​កំពុង​វាយ​លើ​ម្ចាស់​រថយន្ត បាន​និយាយ​ថា រថយន្ត​នេះ​បុក​គេ​ស្លាប់ ២​នាក់ ហើយ​មិន​ព្រម​ឈប់ ដោយ​បន្ត​បុក​រះ​ជា​ច្រើន​គ្រឿង​ទៀត។

ទោះ​បែប​នេះ​ក្ដី តាម​ពិត​មិន​មែន​ជន​រង​គ្រោះ​ណា​ម្នាក់ បាន​ស្លាប់​ដូច​ការ​លើក​ឡើង​នោះ​ទេ ហើយ​មាន​ត្រឹម​មនុស្ស​ម្នាក់​គត់ ដែល​បាន​រង​របួស​ស្រាល​ក្នុង​ហេតុការណ៍​នេះ។ ប៉ូលិស និង​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​អ្នក​លេង​បណ្ដាញ​សង្គម​ដ៏​ល្បី​ឈ្មោះ គឺ​លោក ផែង វណ្ណៈ បាន​ព្យាយាម​ស្វែង​រក​ជន​រង​គ្រោះ ដែល​ល្បី​ថា​ត្រូវ​រថយន្ត​បុក​រះ ដើម្បី​ឧបត្ថម្ភ​ទាំង​ប្រាក់​ទៀត​ផង ប៉ុន្តែ​គ្មាន​ស្រមោល​ដូច​ការ​ផ្អើល​ឆោឡោ ស្រែក​ត​គ្នា​តាំង​ពី​ដំបូង​ឡើយ។

ជាក់​ស្ដែង ហេតុការណ៍​ដែល​កើត​ឡើង គឺ​បែប​នេះ​ទេ៖ មាន​ម៉ូតូ​មួយ​ក្រុម ចេញ​ពី​ហាង​ផឹក​ស៊ី​ថ្ងៃ​ត្រង់ ក៏​ជិះ​រេ​ចុះ រេ​ឡើង ប៉ះ​នឹង​ឡាន​របស់​លោក​បណ្ឌិត ស៊ុយ សារ៉េត។ ការ​ប៉ះ​ពារ​នោះ មិន​មាន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ ប៉ុន្តែ​បក្ស​ពួក​ខាង​ម៉ូតូ​ក៏​បាន​នាំ​គ្នា​ស្រែក​ឲ្យ​ឈប់ យ៉ាង​ច្រងេងច្រងាង។ ដោយ​មាន​ការ​ភិត​ភ័យ លោក ស៊ុយ សារ៉េត មិន​ហ៊ាន​ឈប់​ឡើយ ដោយ​ព្យាយាម​បើក​រក​កន្លែង​មាន​សុវត្ថិភាព​សិន។

ពេល​នោះ ស្រាប់​តែ​ក្រុម​ជិះ​ម៉ូតូ បាន​នាំ​គ្នា​ស្រែក​ថា “បុក​មនុស្ស​ស្លាប់​ហើយ!!!” ឯ​អ្នក​ខ្លះ​ទៀត នាំ​គ្នា​ស្រែក​ថា “ចិន​បុក​ខ្មែរ​ស្លាប់​ទៀត​ហើយ”។ លឺ​បែប​នេះ ក៏​មាន​អ្នក​ជិះ​ម៉ូតូ​ដេញ​តាម​កាន់​តែ​ច្រើន ហើយ​ស្រែក​ពេញ​ផ្លូវ​ថា​ឡាន​នោះ​បុក​មនុស្ស​ស្លាប់ ឯ​ម្ចាស់​រថយន្ត​ភិត​ភ័យ​កាន់​តែ​ខ្លាំង ក៏​ព្យាយាម​បើក​រត់​បន្ត រហូត​ប៉ះ​ឡាន​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ស្រាល​ម្នាក់។

ស្រប​ពេល​កំពុង​ដេញ​តាម​នោះ មាន​សារព័ត៌មាន​មួយ​ចំនួន ដេញ​តាម live ឯ​សារព័ត៌មាន​មួយ​ចំនួន​ក៏​បង្ហោះ​ភ្លាមៗ​ថា កំពុង​ដេញ​រថយន្ត​ដែល​បុក​មនុស្ស​ស្លាប់ ២​នាក់។ ម្ចាស់​រថយន្ត​បាន​បើក​តាំង​ពី ខណ្ឌ​ឫស្សីកែវ រហូត​ទៅ​មុខ​លែង​រួច​នៅ​ចំណុច ផ្លូវ​លេខ ១៥៦ កែង​ផ្លូវ ២៦៥ ក្នុង​សង្កាត់​ទឹក​ល្អក់២ ខណ្ឌ​ទួល​គោក។ បន្ទាប់​ពី​ទៅ​មុខ​លែង​រួច មនុស្ស​ជា​ច្រើន​បាន​ចុះ​ពី​ម៉ូតូ នាំ​គ្នា​រត់​ទៅ​វាយ​ម្ចាស់​រថយន្ត និង​កម្ទេច​រថយន្ត​ភ្លាម ដោយ​មិន​ទុក​ពេល​ឲ្យ​ម្ចាស់​រថយន្ត​បាន​និយាយ​មួយ​ម៉ាត់​ណា​ឡើយ។

ពេល​នោះ គេ​ឃើញ​ម្ចាស់​រថយន្ត​ចង់​និយាយ​ដែរ ប៉ុន្តែ​គ្រប់​គ្នា​បាន​ព្រួត​វាយ គប់​កញ្ចក់ ប្រើ​ដុំឥដ្ឋ ដុំ​ថ្ម​ធំៗ គប់​លើ​រថយន្ត​យ៉ាង​ព្រៃផ្សៃ។ ចំណែក​ដៃ​ម្ខាង ត្រូវ​បិទ​គាប​ជាប់​រថយន្ត​យ៉ាង​សង្វេគ។ ក្រោយ​កើត​ហេតុ ល្បី​ត​គ្នា​ថា​បុក​មនុស្ស​ស្លាប់ តាម​ពិត​គ្មាន​នរណា​ស្លាប់​ឡើយ ហើយ​គ្រោះ​ថ្នាក់​ដំបូង ក៏​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​រង​របួស​ដែរ ប៉ុន្តែ​ដោយសារ​ការ​ស្រែក​ឆោឡោ​ត​គ្នា ទើប​បង្ក​ជា​ការ​យល់​ច្រឡំ រហូត​វាយ​ម្ចាស់​រថយន្ត​ឡើង​បែក​ឈាម​ស្រោច​ខ្លួន ទាំង​មិន​បាន​បក​ស្រាយ​អ្វី​មួយ​ម៉ាត់​សោះ។

ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​អ្នក​បង្ក​ហិង្សា មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ តាម​ប្រសាសន៍​របស់​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ។ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​បាន​វាយ​ប៉ង​សម្លាប់ និង​កម្ទេច​រថយន្ត​មក​ដាក់​ទោស មិន​ឲ្យ​រួច​ខ្លួន​ឡើយ ព្រោះ​សកម្មភាព​នេះ​ផ្ទុយ​នឹង​ច្បាប់ និង​បង្ហាញ​ពី​ការ​បង្ក​អសន្តិសុខ​សង្គម។ លោក​បាន​លើក​ឡើង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​រឿង​ផ្សេង ដែល​ត្រូវ​ទទួល​ទោស ប៉ុន្តែ​ការ​បង្ក​​ហិង្សា​គឺ​ជា​រឿង​ផ្សេង៕ ​​​

Comments

comments