​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន! ពលរដ្ឋ១គ្រួសារប្តឹងចៅអធិការ​វត្ត​ ទារសំណង៥ម៉ឺនដុល្លា រឿងវាយចេតីយក្នុងវត្ត

0
92

​ព្រៃវែង​៖ ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅពេលដែល​បុគ្គល​មួយ​គ្រួសារ​ប្ដឹង ​ព្រះចៅអធិការ​វត្ត​ពោធិ៍​ដ្ឋា​ន​ហៅ វត្ត​ថ្លា​វ​ស្ថិតនៅ​ភូមិ​ថ្លា​វ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ថា​វាយ​ចេ​តី​យ៍​របស់​ពួកគេ​ចោល​ដែលជា​កន្លែង​បញ្ចុះសព​ទុកដាក់​ធាតុ​ដូនតា​ដោយ​​ទារ​សំណង​ជំងឺ​ចិត្ត​ពី​ព្រះសង្ឃ​ចំនួន​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ ​
​កាលពីវេលាព្រឹក​ថ្ងៃទី​១២ ខែមីនា​ ឆ្នាំ​២០១៨ ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត បាន​អះអាង​ថា ​មុននឹង​វាយ​ចេ​តី​យ៍​​នេះ​ គឺ​បាន​ជូនដំណឹង​ទៅ​ម្ចាស់​ចំនួន​ពីរលើក​មកហើយ​ ដើម្បី​ពិភាក្សាគ្នា​ ប៉ុន្តែ​ពួកគេ​បាន​មិន​អើពើ​សោះ​ទើប​វាយចោល​យក​កន្លែង​​សាងសង់​ «​ព្រះអង្គ​ប្រសូត្រ​»​ ដើម្បី​បម្រើ​ប្រយោជន៍​រួម​នៃ​ពុទ្ធបរិស័ទ​។
​ ​
​ព្រះសង្ឃ​មាន​សង្ឃដីកា​បន្តថា ចេ​តី​យ៍​ចាស់​នេះ មាន​ទីតាំងនៅ​ចំ​កណ្ដាល​វត្ត ហើយ​គណៈកម្មការ​អាចា​រ្យ​ព្រះសង្ឃ​បាន​ប្រជុំ​សម្រេច​​ធ្វើ​ចេ​តី​យ៍​ថ្មី​នៅ​ជិត​របង​វត្ត​ដោយ​យក​ធាតុ​ដូនតា​ដែល​នៅក្នុង​ចេ​តី​ចាស់​មក​ដាក់​នៅក្នុង​ចេ​តី​យ៍​ថ្មី​ទើប​វាយ​ចេ​តី​យ៍​ចាស់​នោះ​​តាម​ក្រោយ​ដោយ​យក​ទីតាំង​នេះ​ធ្វើ “​ព្រះអង្គ​ប្រសូត្រ​” ។ ព្រះអង្គ​បញ្ជាក់ទៀតថា​មុននឹង​វាយ​ចេ​តី​យ៍​គឺ​បាន​ជូនដំណឹង​ទៅ​ម្ចាស់​ចំនួន​​ពីរលើក​តាមរយៈ​លោក អ៊ាង ឈួន អតីត​ក្រុមប្រឹក្សា ស្រុក ស្វាយ​អ​ន្ទ​រ​។​

​ទោះយ៉ាងណា​ទំនាស់​មួយ​នេះ ត្រូវ​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តព្រៃវែង ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​​ដោយ​ចេតនា​។ ព្រះចៅអធិការ វត្ត​ថ្លា​វ ព្រះនាម ឈាង ផល្លី ជា​ចុងចោទ​មាន​សង្ឃដីកា​ថា វត្ត​របស់​ព្រះអង្គ​មាន​ព្រះសង្ឃ​សរុប​១៦​អង្គ ហើយ​កំពុង​អភិវឌ្ឍ​ឥតឈប់ឈរ​។ ប៉ុន្តែ​ព្រះអង្គ និង​គណៈកម្មការ​វត្ត ត្រូវបាន​លោក ប៉ែន សារ៉ាត់ ហៅ ប៉ែន រ័ត្ន ជា​ព្រះរាជអាជ្ញារង រាជធានី​ភ្នំពេញ​ប្ដឹង​ថា វាយ​ចេ​តី​យ៍​គេ​ចោល​ដោយ​មិនបាន​ជូនដំណឹង​មុន​និង​ទាមទារ​សំណង​ចំនួន​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ ​
​រីឯ​លោកតា អ៊ាង ឈួន អតីត​ក្រុមប្រឹក្សា ស្រុក​ស្វាយ​អ​ន្ទ​រ មាន​ទីលំនៅ ភូមិ​ថ្លា​វ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ បាន​អះអាងថា​មុន​​វាយ​ចេ​តី​យ៍​នោះ​លោក​បានផ្ដល់​ព័ត៌មាន​ឲ្យ​ឈ្មោះ សួន ស្រេង កូនប្រសារ​ម្ចាស់​ចេ​តី​យ៍​កាលពី​ថ្ងៃទី​៣ កុម្ភៈ ឆ្នាំ​២០១៣​ម្ដង​លុះដល់​​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ ម្ដងទៀត នៅ​មន្ទីរ​បក្ស​ស្រុក ថា​ចេ​តី​យ៍​ឯង គេ​ត្រូវ​វាយចោល​ហើយ​ដើម្បី​យក​កន្លែង​ធ្វើ​ព្រះ​ប្រសូត្រ​។ ប៉ុន្តែ​ក្រុមគ្រួសារ​ម្ចាស់​ចេ​តី​យ៍​នោះគេ​មិន​រវល់​ទើប​គណៈកម្មការ​ព្រះសង្ឃ​សម្រេច​វាយចោល​តែម្ដង​ដោយ​យក​ធាតុ​ឪពុកម្ដាយ​របស់​ពួកគេ​មក​ដាក់​ក្នុង​ចេ​តី​យ៍​ថ្មី​។​
​ ​
បើតាម លោក អ៊ំ ឌី មេភូមិ​ថ្លា​វ បាន​ឲ្យ​ដឹងថា ការ​វាយ​ចេ​តី​យ៍​ក្នុង​វត្ត​យក​កន្លែង​សាងសង់​ព្រះអង្គ​ព្រះ​សូត្រ​នេះ​ទំនង​គណៈកម្មការ​មិន​បាន​​ជូនដំណឹង​ទៅ​ម្ចាស់​ទេ​ពេល​មានរឿង​ចេះតែ​ឆ្លើយ​យករួចខ្លួន​អីចឹង​ហើយ​បើ​បាន​ជូនដំណឹង គេ​មិន​ខឹង​ប្ដឹង​បែបនេះ​ទេ​។ ​លោក​មេភូមិ​ក៍បាន​សម្ដែង​ការសោកស្ដាយ នៅពេល​ព្រះសង្ឃ​អភិវឌ្ឍ​លឿន​ពេក​មិនបាន​ជូនដំណឹង​ដល់​ម្ចាស់​ចេ​តី​យ៍​មុន​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​ដល់​កន្លែង​គោរពបូជា​សក្ការៈ​ធាតុ​ឪពុកម្ដាយ​របស់​ពួកគេ​។​
​ ​
​ចំពោះ​លោក ប៉ិច សុង អភិបាល ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​ដឹងថា​រឿងនេះ​ព្រះសង្ឃ​និង​គណៈកម្មការ​មិន​ខុស​ទេ​ព្រោះ​បាន​ជូន​​ដំណឹង​ត្រឹមត្រូវ​មុន​វាយចោល​។ ម្យ៉ាងវិញទៀត​កន្លែង​នេះ​ជា​ដី​វត្ត ព្រះសង្ឃ​មាន​សិទ្ធិ​រើរុះ​ធ្វើការ​អភិវឌ្ឃន៍​តាម​តម្រូវការ​ពុទ្ធ​​បរិស័ទ​ចំណុះជើងវត្ត​។​

​ក្នុងនោះ​ព្រះចៅអធិការ​វត្ត​ពោធិ៍​ដ្ឋា​ន​ហៅ​វត្ត​ថ្លា​វ​និង​គណៈកម្មការ​ចំនួន​បីនាក់​ទៀត​បាន​រង​ការចោទប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ប្រមាថ​ទី​បញ្ចុះសព​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៦ តាម មាត្រា​២៦២​និង​៥១០ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៩ ដែលមាន​លោក មាស សុភ​ក្ដិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តព្រៃវែង ជា​អ្នកអនុវត្ត​នីតិវិធី​នេះ​។​
​ ​
​មាន​ប្រជាពលរដ្ឋ​យ៉ាងតិច​ចំនួន​ពី​ភូមិ​គឺ​ភូមិ​ថ្លា​វ​និង​ភូមិ​ពោធិ៍​ចិន្ដា​ក្នុង​ឃុំ​ស្វាយ​អ​ន្ទ​រ​ចំនួន​២៦៧​នាក់​បាន​ផ្ដិតមេដៃ​គាំទ្រ​ព្រះសង្ឃ និង​គណៈកម្មការ​អាចា​រ​វត្ត ដោយបាន​ដាក់ពាក្យ​ប្ដឹងទៅ ខុ​ទ្ធ​កាល័យ​ស​ម្ចេ​ច​តេ​ជោ ហ៊ុន សែន​កាលពីពេល​កន្លងមកហើយ​ខុ​ទ្ធ​​កាល័យ​សម្តេច​ក៍​បានចេញ​ដីកា​បញ្ជូន​នៅ​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០១៨​ឲ្យ​មក​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី ជា​អ្នកទទួល​បន្ទុក​ដោះ ស្រាយ​រឿងនេះ​។​
​ ​
​ពលរដ្ឋ​ទាំងពីរ​ភូមិ​ខាងលើ​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា មេត្តាជួយ​បញ្ចប់​រឿងនេះ ក្នុងពេល​ឆាប់​ខាង​មុន​។​ពលរដ្ឋ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា​មិន​ឲ្យ​ព្រះសង្ឃ​ចាញ់ក្ដី​ជាដាច់ខាត​​ហើយ​បើ​ព្រះរាជអាជ្ញា​ឃាត់ខ្លួន​ឬ​ចាប់​ព្រះសង្ឃ​គឺ​ពួកគាត់​ទាំងអស់គ្នា​សុខចិត្ត​ទៅ​ជាប់គុក​ជាមួយ​៕

Comments

comments