ខឹងឪពុកវាយ ជិះម៉ូតូចេញពីផ្ទះ បែរជាស៊យត្រូវចោរប្លន់ម៉ូតូយកទៅបាត់ តែប៉ូលីសថា អាចមិនមែនជាករណីប្លន់!!!

0
122

ភ្នំពេញ ៖ យុវជនម្នាក់បានអះអាងថា ដោយសារខឹងឪពុកវាយ បានជិះម៉ូតូទាំងយប់ចេញពីផ្ទះ ក្នុងគោល​បំណង​ទៅរកកន្លែងដេក ក្បែរកន្លែងធ្វើការ តែចៃដន្យចោរប្លន់យកម៉ូតូ ម៉ាកឌ្រីមសេ១២៥ ទៅបាត់ ។ ហេតុ​ការណ៍​​នេះកើត​ឡើង​វេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាយផ្លូវ​បេតុង​ចំណុចមុខ​ក្លឹបបុប្ផា​រាជនី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញុន ចាន់បញ្ញាភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ​ធ្វើការនៅ រោងចក្រ ស្នាក់ ភូមិស្ពាន​ខ្ពស់​ផ្ទះលេខ៨៦ ផ្លូវលេខ៥ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេ បានជិះម៉ូតូ១គ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ សេរី​០១៦ មានស្លាក លេខ1 FK-5853។ ដោយសារខឹងឪពុកវាយក៏ជិៈម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅស្ទឹង​មានជ័យ​​រក​កន្លែងដេក ពីព្រោះជិតកន្លែងធ្វើការ លុះមកដល់ផ្លូវចាក់បេតុងទល់មុខបុប្ផារាជនី រូបគេក៏ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ឌ ។ ខណៈដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងឌ្រីម​១២៥​ មិនចាំស្លាកលេខ មកពីក្រោយក៏ទាញជនរងគ្រោះទំលាក់ ហើយយកម៉ូតូជិះគេចខ្លួនទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឱ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីចាប់ជនសង្ស័យទាំងនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ទោះយ៉ាងណា សមត្ថកិច្ចសង្ស័យថា វាអាចមិន​មែនជាករណីប្លន់នោះទេ រង់ចាំលទ្ធផលស្រាវជ្រាវសិន ៕

Comments

comments